គេនៅចាំបានថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់កូនច្បងច្បងគម្រប់អាយុ១១ឆ្នាំនោះ ពិធីការិនីដ៏ល្បីអ្នកនាង ចាន់ កែវនិមល មានកាដូពិសេសសម្រាប់កូនស្រីច្បងរូបនេះ ហើយពេលបើកមើល ស្រាប់តែឃើញថា អូន ទេពី មានប្អូនស្រី។
ពេលដឹងដំណឹងល្អថា ម្ដាយខ្លួនកំពុងពពោះកូនទី២ ភ្លាមៗនោះ អូន ទេពី រំភើបរហូតសម្រក់ទឹកភ្នែក ហើយអ្នកនាង ចាន់ កែវនិមល បានរៀបរាប់ថា «គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺ គ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើឱ្យ ប៉ាម៉ាក់ពិបាកទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»។
ក្រោយមានទម្ងន់នោះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយក្រុមគ្រួសារ ហើយបញ្ជាក់ថា «បាត់មុខមួយរយៈពីទូរទស្សន៍ហង្សមាសនៅស្រុកខ្មែរ ព្រោះជាប់ឡើងឆាកហង្សមាសនៅអាមេរិកអរគុណបងប្អូនទាំងអស់គ្នា ដែលបានផ្តល់កិត្តិយសចូលរួមកម្មវិធីគ្រួសារយើងខ្ញុំ»។
ទោះជាមានការបញ្ជាក់បែបនេះ ក៏ពិតមែន តែគេសង្កេតឃើញថា អ្នកនាង ហាក់បាត់បង់តំណែងក្នុងកម្មវិធីធំៗមួយចំនួន ដូចជាកម្មវិធីCambodian Idolជាដើម ហើយរឿងនេះ ក៏មានអ្នកគាំទ្រមួយចំនួន សម្ដែងការសោកស្ដាយជំនួសអ្នកនាងផងដែរ។
ជាក់ស្ដែង គណនីហ្វេសប៊ុកមួយឈ្មោះ «Darong Kambo» បានលើកឡើងតាមរយៈខំមិនថា «ស្តាយអត់ឃើញកាន់កម្មវិធី Cambodian Idol, ចង់ធីបគាត់ចោល»។ ជាការឆ្លើយតប អ្នកនាង ចាន់ កែវនិមល បញ្ជាក់ថា «បងមានទម្ងន់ចឹងបងអត់ទទួលការងារតើស»។
គួរបញ្ជាក់ថា កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolជាច្រើនរដូវកាលមកហើយ គេតែងតែឃើញអ្នកនាង ចាន់ កែវនិមល បង្ហាញវត្តមានធ្វើជាពិធីការិនី ដោយចាប់ដៃគូជាមួយនឹងលោកជា វិបុល។ តែសម្រាប់ កម្មវិធីCambodian Idolរដូវកាលទី៤នេះ មិនឃើញវត្តមានអ្នកនាង ធ្វើជាពិធីការិនីដូចមុនៗនោះឡើយ៕