ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន រួមនឹងតារាល្បីៗមួយចំនួន បានចេញមុខធ្វើការសំណូមពរ ទៅរាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ។
ងាកមកអ្នកឧកញ៉ា ឡេង ណាវ៉ត្រា ដែលត្រូវបានគេរិះ,,គន់ដូចទឹកបាក់ទំនប់ជុំវិញរឿងនេះ នោះ ក៏បានបង្ហោះសារ ស្នើសុំដល់រាជរដ្ឋាភិបាលដែរថា «ខ្ញុំគាំទ្រឱ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ»។
ក្រោយពីមានសំណូមពរជាច្រើននោះ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្ដេច ដោយបញ្ជាក់ច្បាស់ៗថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកប ដោយការស្ថាបនា»។
តាមរយៈនេះ ប្រជាពលរដ្ឋ បានសម្ដែងការគាំទ្រពេញទំហឹង ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានត្រឹមតែសម្ដែងការគាំទ្រ ថែមទាំងចូលរួមផ្ដល់កូនឈើដើម្បីដាំឡើងវិញផងដែរ។ ខេមរៈ សិរីមន្ត បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាទខេមរៈសិរីមន្តសូមគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់
និងសូមចូលរួមផ្តល់ កូនធ្នង់ចំនួន 1000ដើម និងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា»៕