គេនៅចាំបានថា កាលពីកូនក្នុងផ្ទៃរបស់ខ្លួននៅតិចខែនៅឡើយនោះ ដេននី ក្វាន់ តែងតែបង្ហោះរូបថតប្ដីរបស់ខ្លួនបែរខ្នង ដោយប្រាប់ថា នឹងបង្ហាញឲ្យអ្នកគាំទ្របានឃើញនៅពេលសម្រាលនោះតែម្ដង។
ទោះយ៉ាងណា នាងមិនអាចលាក់ជិតនោះឡើយ ដោយជារឿយៗស្វាមីរបស់អ្នកនាង បានបង្ហោះរូបថតពួកគេ នៅលើបណ្ដាញសង្គម ឲ្យមហាជនបានឃើញជាសាធារណៈ ហើយក្នុងការបង្ហោះរូបថតកន្លងមកឃើញថា ពួកគេ ពិតជាមានក្ដីសុខខ្លាំងណាស់ ពិសេស ដេននី ក្វាន់ បានទទួលការថ្នាក់ថ្នមមើលថែដូចព្រះនាងអញ្ចឹង។
ជាក់ស្ដែងថ្មីៗនេះ ចឹកឡេង ប្ដីរបស់ដេននី ក្វាន់ បានបង្ហោះរូបថតស្ទាបពោះប្រពន្ធថ្នមៗហើយពោលពាក្យថា «កក់ក្ដៅ»។ ក្រោយមក ស្រាប់តែទទួលបានកាដូ ពីភរិយា ហើយលោកក៏ពោលពាក្យយ៉ាងទន់ភ្លន់ថា «អរគុណព្រះនាង ដែលបានទិញVERTU អោយប្តី27.07.2022»។
ក្រោយមកទៀត ដោយកៀកនឹងឃើញមុខកូនរបស់ខ្លួននោះ ចឹកឡេង បានបង្ហោះរូបថតជាមួយភរិយា១សន្លឹកទៀត ហើយពោលពាក្យថា «ជិតបានឃើញមុខកូនពៅ កូនពូជហើយ»។ ក្រោយបង្ហោះសារបែបនេះរួចមក ទីបំផុត អ្វី ដែលពួកគេទន្ទឹងរង់ចាំនោះ បានមកដល់ហើយ ដោយដេននី ក្វាន់ បានសម្រាលកូនប្រកបដោយសុវត្ថិភាព។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាង ដេននី ក្វាន់ បានបង្ហោះរូបថតខ្លួន ជាមួយកូនស្រីដ៏គួរឲ្យស្រឡាញ់ អមដោយពាក្យពេចន៍ បញ្ជាថា «កូនស្រីម៉ាក់កើតហើយ 08.08.2022 នៅមន្ទីរពេទ្យ អឃីតកោះពេជ្រ»។ ងាកមកចឹក ឡេង ជាប្ដី មិនទាន់បង្ហោះសារបង្ហាញអារម្មណ៍អ្វីឡើយ តែបានចែករំលែកសារខាងលើនេះ អមដោយស្ទីកឃ័របេះដូង។
តាមរយៈនេះ អ្នកគាំទ្រ ជាច្រើនបានសម្ដែងការអបអរសាទរ និងជូនពរឲ្យព្រោងព្រាត។ តែអ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះ មានមតិមួយចំនួន និយាយបែបលេងសើចថា មុខដូចឡាំងយ៉ង។ ដោយឃើញបែបនេះ ដេននី ក្វាន់ បានត្រឹមឆ្លើយតបជាមួយនឹងស្ទីកឃ័រអស់សំណើចប៉ុណ្ណោះ៕