កាលពីពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន រួមនឹងតារាល្បីៗមួយចំនួនតូច បានចេញមុខធ្វើការសំណូមពរ ទៅរាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ។
ក្រោយពីមានសំណូមពរជាច្រើននោះ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្ដេច ដោយបញ្ជាក់ច្បាស់ៗថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកប ដោយការស្ថាបនា»។
បន្ទាប់ពីសម្ដេច បានធ្វើការសម្រេចបែបនេះរួចមក, មាស សុខសោភា ដែលមហាជនចាត់ទុកជាតារាចម្រៀងគំរូ បានពោលពាក្យចេញពីក្នុងចិត្តអរគុណសម្ដេចទាំងទ្វេ និងលើកឡើងថា លើលោកនេះ ពិតជាមានព្រះ និងយុត្តិធម៌ពិតប្រាកដសម្រាប់អ្នកស្មោះត្រង់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក, មាស សុខសោ បានលើកឡើងថា «លើលោកនេះពិតជាមានព្រះ និងយុត្តិធម៌ពិតប្រាកដសម្រាប់អ្នកស្មោះត្រង់ និងមនុស្សល្អបរិសុទ្ធ។នាងខ្ញុំសូមអរព្រះគុណសម្តេចពុក និងសម្តេចម៉ែ ដែលបានស្វែងយល់ និងរក្សាសន្តិភាពដោយផ្លូវវិជ្ជមានដល់ប្រជារាស្ត្រស្លូតត្រង់»៕